
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែងនៅក្នុងភូមិទ្វីខាងត្បូង ក្នុងសង្កាត់អណ្តូងខ្មែរ!!
កំពត៖ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនែគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តរង អឹុង ឆាយ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត បានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែង ដែលស្ពាននេះត្រូវបានកំពុងសាងសង់មិនទាន់រួចរាល់នៅឡើយទេ។

សូមបញ្ជាក់ផងដែរថា ស្ពាននេះត្រូវបានសាងសង់ភ្ជាប់ពីភូមិទ្វីខាងត្បូងនៃសង្កាត់អណ្តូងខ្មែរ ទៅភូមិតាអង្គ នៃសង្កាត់ត្រើយកោះ។
ក្រៅពីអញ្ជើញទៅពិនិត្យមើលការសាងសង់ស្ពាន ឯកឧត្តមក៏មានមតិសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតផងដែរ ពិសេសឯកឧត្តមបានសួរសុខទុក្ខដល់ពលរដ្ឋនៅទីនោះ ហើយលើសពីនេះទៅទៀតឯកឧត្តមបានក្រើនរម្លឹកដល់ពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ពោលគឺត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពលរដ្ឋនៅក្នុងមូលដ្ឋាននេះមានការសប្បាយរីករាយ និងដឹងគុណចំពោះប្រមុខដឹកនាំខេត្តគឺឯកឧត្តម ជាវ តាយ ដែលបានខិតខំ និងខ្នះខ្នែងសាងសង់ស្ពាននេះឡើងដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋឲ្យសមស្របទៅនឹងតម្រូវ។
