ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប អាចមានផ្ទុកមេរោគមួយចំនួន ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ មានមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។
ចំពោះស្រី្តមានផ្ទៃពោះ មេរោគ Listeria នេះ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ មានជាអាទិ៍ កើតមុនខែ រលូត កូនស្លាប់ក្នុងផ្ទៃជាដើម ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត ផលិតផលទឹកដោះគោ និងសាច់មួយចំនួនផងដែរ។

គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ មានដូចជា៖
– បរិភោគបន្លែ ត្រី សាច់ ដែលឆ្អិនល្អ។ ចំអិនក្នុងសីតុណ្ហភាពយ៉ាងតិច ៧៣អង្សាសេ ឬ១២១អង្សាសេក្នុងរយៈពេលយ៉ាងតិច៤នាទី។
– ចំពោះទឹកដោះគោ គួរទិញទឹកដោះគោណាដែលគេបានយកទៅសំលាប់មេរោគបានត្រឹមត្រូវ ឬហៅថា Pasteurisation (វិធីសំលាប់មេរោគតាមវិធីលោកប៉ាស្ទ័រ)។
– ចៀសវាងម្ហូបអាហារ បន្លែ ផ្លែឈើដែលចិតសំបករួច ទុកចោលច្រើនថ្ងៃ៕ ប្រភព៖ Medical Education/cdc