(កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។
ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែង ខណៈពិធីប្រកាសភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាលទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង។
នគរបាលដែលត្រូវប្រកាសឲ្យចូលកាន់មុខតំណែងនេះ គឺលោកវរសេនីយ៍ទោ ជឹម រីណា ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង និងលោកអនុសេនីយ៍ឯក លឹង សុធា នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើដល់លោកអធិការ ដែលទើបតែងតាំងថ្មី និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំធ្វើការប្រកបដោយការតស៊ូ ព្យាយាមមោះមុត សិក្សារៀនសូតបន្ថែមនូវអ្វីៗដែលថ្មីៗ ជាពិសេសត្រូវគោរព និងអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ជូនឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ជាពិសេសត្រូវក្ដាប់ឲ្យបាននូវមុខសញ្ញា ឬស្ថានភាពអវិជ្ជមាននានា របស់ក្រុមអគតិ ឬក្រុមអាណាធិបតេយ្យណាមួយឲ្យបានម៉ត់ចត់។
លើសពីនេះទៀត ត្រូវធ្វើកិច្ចការដោយមានផែនការសកម្មភាពជាក់លាក់ និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជាប្រចាំ គឺការកសាងភ្នាក់ងារសម្រាប់ផ្ដល់ព័ត៌មាន ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់ និងផ្តល់រង្វាន់លើកទឹកចិត្តថែមទៀត ដល់មន្ត្រីក្រោមឱវាទដែលមានស្នាដៃល្អ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់លោកអធិការ និងសហការីត្រូវ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ តាមឋានានុក្រម និងរក្សាសាមគ្គីភាពផ្ទៃក្នុង រួមសុខរួមទុក្ខ ដើម្បីបង្កើនប្រសិទ្ធភាព ការងារជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេង ឲ្យមានប្រសិទ្ធភាពបំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews