ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះប្រហែល៣តឹក ក្នុងនោះ លោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាសម្រុកមកលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីលង់ទឹកនោះឡើយ លោករ័ត្ន ដាស៊ីណង់បានបញ្ជាក់ថា ចូលមកដល់ថ្ងៃទី១៦ តុលា ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវវាលទំនាបក្នុងស្រុកមង្គលបូរី កំពុងរងគ្រោះដោយសារលិចជាច្រើនចំណុច មានទឹកកួចខ្លាំង ហើយអ្នកស្រុកបាននាំគ្នាទៅលេងទឹកនេះ ប្រជែងគ្នានឹងទឹកជំនន់នេះយ៉ាងសប្បាយ ។
ជាមួយនោះ លោកក៏បានសូមអំពាវនាវបងប្អូនដែលមកលេងទឹកលើដងផ្លូវបេតុងពីឃុំប្ញស្សីក្រោកទៅសង្កាត់កោះពងសត្វ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេស កូនចៅក្មេងៗក្នុងពេលទឹកជំនន់ដែលហូរកួចខ្លាំងលើផ្លូវ ហើយកំពុងកកស្ទះចរាចរណ៍ផងទៀតផង មួយវិញទៀតក៏ត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញាប់យកទៅមណ្ឌលសុខភាព ប្ញមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេតតបន្ទាយមានជ័យ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ត្រូវចុះពិនិត្យតាមដានឲ្យបានជាប្រចាំអំពីស្ថានភាពទឹក និងត្រូវមានជាវិធានការនៅពេលខាងមុខ ដើម្បីរក្សាទឹកទុកប្រើប្រាស់នៅពេលទឹកស្រកចុះ គ្រប់ ឃុំ-សង្កាត់ទាំងអស់នៅក្នុងខេត្តផងដែរ ។