មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង យុវជន អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅមណ្ឌលកីឡដ្ឋាន ខេត្តមណ្ឌលគិរី។


លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឲ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងកីឡា ដើម្បីទ្រទ្រង់សុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត។

ការអប់រំកាយ និងកីឡា ជាសមាសភាគមួយនៃវិស័យអប់រំដែលជាមធ្យោបាយ ហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឲ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួន និងមានសុខភាពល្អ។ លោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ថា ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌ទាមទារឲ្យប្រជាជនមានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ ទាំងនៅក្នុងក្រុមគ្រួសារ ប្រកបដោយនិរន្តរភាព។ លោកស្រី បន្ថែមថា ការរៀបចំប្រកួតជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់ ឯកឧត្តម អភិបាលខេត្តនេះឡើង គឺជាការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីសាមគ្គីភាព មិត្តភាព សេរីភាព សន្តិភាព។

លោកស្រី អភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការដឹកនាំរបស់មន្ទីរអប់រំយុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងអស់បញ្ញាស្មារតី ធ្វើឲ្យវិស័យកីឡារបស់ខេត្ត មានសកម្មភាពរីកចម្រើនបានមួយកម្រិត ជាពិសេស គឺជួយជំរុញឲ្យមានការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់អភិបាល ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ហើយបានបញ្ចប់ដោយជោគជ័យនាពេលនេះ។
តាមរបាយការណ៍របស់លោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២ មានរយៈពេល ១០ថ្ងៃ ហើយមានប្រតិភូកីឡាករចូលរួមចំនួន ១៦ក្រុម មកពីស្ថានប័ននានា ក្នុងខេត្តមណ្ឌលគិរី។ លោក បញ្ជាក់ថា ឆ្លងតាមការប្រកួតយ៉ាងក្លៀវក្លា និងស្វិតស្វាញអស់រយៈពេល ១០ថ្ងៃ យើងសង្កេតឃើញថា ក្រុមកីឡាករទាំងអស់ បានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សមត្ថភាព ទេព្យកោសល្យ និងបច្ចេកទេស ដែលខ្លួនមាន ដើម្បីឈានដល់ការដណ្តើមជ័យជំនះ ក្នុងការប្រកួតដោយឈរលើស្មារតីយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ចំពោះលទ្ធផលបច្ចេកទេសដែលសម្រេចបាន ជ័យលាភីលេខ១ បានទៅលើ ARMY MDK FC (តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី) ទទួលបានពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី មេដៃមាស ទង់ជ័យលាភី ប័ណ្ណសរសើរ និងថវិកា ជ័យលាភីលេខ២ បានទៅលើមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ទទួលបាន មេដៃប្រាក់ ទង់ជ័យលាភី ប័ណ្ណសរសើរ និងថវិកា ជ័យលាភីលេខ៣ បានទៅលើសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ទទួលបានមេដៃសំរឹទ្ធិ ទង់ជ័យលាភី ប័ណ្ណសរសើរ និងថវិកា និងជ័យលាភីលេខ៤ បានទៅលើ សហគមសម្ព័ន្ធយុវជនមុស្លីម កម្ពុជា ទទួលបាន ទង់ជ័យលាភី ប័ណ្ណសរសើរ និងថវិកា ដោយឡែក សម្រាប់ក្រុមកីឡាករ ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានប័ណ្ណសរសើរ ពីអាជ្ញាធរខេត្ត ដើម្បីជាការលើកទឹកចិត្តផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *