
ចេញផ្សាយថ្ងៃទី ០៧-កញ្ញា-២០២២
បន្ទាយមានជ័យ៖ ខណៈដែលនៅតាមបណ្តោយព្រំដែនមានទឹកធ្លាក់ពីប្រទេសថៃ គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ ខេត្តសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អប់រំណែនាំកូនតូចៗកុំឲ្យលេងទឹកចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។
កម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាននៃក្រុងប៉ោយប៉ែត និងស្រុកថ្មពួកឲ្យដឹងថា ទឹក ធ្លាក់ពីថៃចាប់ពីព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្របន្ទាយមានជ័យទល់មុខខេត្តស្រះកែវ និងខេត្តបូរីរ៉ាំនៅថ្ងៃទី ៧ខែកញ្ញានេះ រួមមាន៖ទី១/នៅគោលដៅអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ទល់មុខ ឃុំស្រងែ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទឹកនៅមានតិចតួចប៉ុណ្ណោះ, ទី២/នៅគោលដៅច្រកព្រំដែនតំបន់ម៉ាឡៃ ណងព្រឺ និងស្លាបសងខាង ស្រុកម៉ាឡៃ ទល់មុខស្រុកអារញ្ញទឹកអូរនៅមានតិចតួច ទី៣/នៅអូរព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃក្រុង ប៉ោយប៉ែតទល់មុខស្រុកអារញ្ញប្រាថេត ទឹកមិនទាន់ហក់ឡើងថ្មីទេ និងនៅព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅស្រុកស្វាយចេក ទល់មុខស្រុកគោកធ្យូង និងតាប្រាយ៉ា ក៏មិនទាន់មានជំនន់ទឹកភ្លៀងនៅឡើយ។

ចំណែកនៅក្នុងភូមិសាស្ត្រខេត្ត ស្រុក ក្រុងទាំង៩ ក៏មិនទាន់មានទឹកជំនន់ និងជំនន់ទឹកភ្លៀងដែរ មកទល់ថ្ងៃនេះ។
សូមបញ្ជក់ថា ជុំវិញករណីទឹកជំនន់ពីថៃ និងជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យមួយរយៈនេះបានឆក់យកអាយុជីវិតកុមារជាច្រើននាក់ ក្នុងនោះនៅក្រុងប៉ោយប៉ែត មានកុមារពីរនាក់ហើយបានលង់ទឹកលូ និងទឹកអូរស្លាប់ រហូតមកដល់ពេលនេះកុមារដែលលង់ទឹកអូរព្រំដែនបានរកសពឃើញនៅរសៀលថ្ងៃទី៧កញ្ញានេះ៕
