
លោក សាយ ម៉េងគីម មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលួចធ្វើដំណើរឆ្លងពីរាជធានី ខេត្ត ចូលមកកាន់ក្រុងសែនមនោរម្យ ជាបន្តបន្ទាប់ តាមរយៈការធ្វើដំណើរតាមផ្លូវវាងឬ ការចុះដើរគេចពីនៅកន្លែងត្រួតពិនិត្យ ជាដើម ដែលករណីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យដែលអាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងក្រុងសែនមនោរម្យ ។ ប្រឈមមុខនឹងបញ្ហាខាងលើនេះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីសម្រេចលេខ០២៣ ស្ដីពី ការចាត់តាំងក្រុមការងារដើម្បីដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលពលករ កម្មករ និង ប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ និង សម្របសម្រួលការចាក់វ៉ាក់សាំងកូវី១៩ នៅតាមក្រុង-ស្រុកក្នុងខេត្តមណ្ឌលគិរី ។ លោកអភិបាលរងខេត្ត បានបន្តថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារសុខាភិបាល បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋជាប្រចាំ ការដាក់កងកម្លាំងតាមព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋពីខេត្តផ្សេងលួចឆ្លងចូលមកខេត្តមណ្ឌលគិរី និងការចុះហាមឃាត់ប្រជាពលរដ្ឋជួបជុំផឹកស៊ី ព្រមទាំងការតាមដាន ប្រមូលអ្នកដែលទើបចូលមកខេត្តយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល ឬនៅតាមផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ។
បន្ថែមពីលើវិធានការដែលកំពុងអនុវត្តនេះ អភិបាលរងខេត្ត បានស្នើឲ្យចៅសង្កាត់ទាំងបួន ចុះណែនាំម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ត្រូវសហការជាមួយអាជ្ញាធរ ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលមានអ្នកចំណូលថ្មី ។ អាជ្ញាធរពាក់ព័ន្ធ ត្រូវចិត្តទុកដាក់ឃ្លាំមើល អ្នកធ្វើចត្តាឡីសក័នៅតាមផ្ទះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ចំពោះរថយន្តដឹកទំនិញ លោកអភិបាលរងខេត្តនឹងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និង ព្រូឡាន អោយបានច្បាស់លាស់ ចៀសវាងការលួចលាក់ដឹកមនុស្សចូលដោយខុសច្បាប់ ។
លោក សាយ ម៉េងគីម បានសង្កត់ធ្ងន់ថា ចំពោះអ្នកលួចចូល ឬ អ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង ។
លោក សាយ ម៉េងគីម បានស្នើដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តចុះផ្សព្វផ្សាយអប់រំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រាយការណ៍ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីដែលមានអ្នកចំណូលស្រុកថ្មី ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ។ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី