ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។

លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។ លោកអះអាងថា ការងារក្រាលកៅស៊ូ នឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២៣នេះ។ ដោយឡែក ការក្រាលបេតុងតាមចិញ្ជើមផ្លូវ និងរៀបចំបង្គោលភ្លើង ព្រមទាំងកិច្ចការងារទាំងស្រុង នៃគម្រោងនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៤។

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ សមុទ្រនេះនឹងក្លាយជាគោលដៅស្រូបទាញអ្នកទេសចរឱ្យមកកម្សាន្តសប្បាយនៅទីតាំងកម្សាន្តថ្មីគឺឆ្នេរ អង្កោល ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាពិធីបុណ្យទានផ្សេងៗទៀត នាពេលខាងមុខ។ សូមបញ្ជាក់ថាផ្លូវប្របមាត់សមុទ្រនេះ ស្ថាបនាដោយក្រុមហ៊ុនក្នុងស្រុក ក្រោមមូលនិធិរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីចំនួន១០,៥លានដុល្លារ៕ ប្រភព៖ ក្រសួងព័ត៌មាន

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *