
ថ្ងៃ ពុធ ទី ១១ ខែ មិនា ២០២៣ ក្រុមគ្រួសារកូនចៅទាំងអស់ បានប្រារព្ធកិច្ចការកុសល ដោយបានធ្វើបុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្ម ជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម សុខលាង
សូមអនុមោទនា!!!

សូមអនុមោទនា!!!
បុណ្យកតញ្ញូកតវេទីភាគច្រើនគេនិយមធ្វើត្រឹមតែមួយកំណាត់ថ្ងៃហើយបន្តពេញមួយព្រឹកទៀតតែបើអ្នកមានលទ្ធភាពគេអាចធ្វើប៉ុន្មានថ្ងៃក៏បានមិនខុសឆ្គងអ្វីទេដោយមានការនិមន្តព្រះសង្ឃយ៉ាងតិចពី៤អង្គឡើងទៅ។

ពិធីបុណ្យនេះធ្វើឡើងដើម្បីគោរពចំពោះលោកអ្នកដ៏មានគុណមាន មាតាបិតា ជីដូនជីតាជាដើម និងសូមពរជ័យពីលោកអ្នកមានគុណទាំងឡាយនោះ។ មុននឹងផ្តើមធ្វើបុណ្យ សាមីដើមទានទាំងអស់បានពិភាក្សាគ្នាលើការចំណាយទិញសម្ភារសម្រាប់ពិធីបុណ្យ តាមលទ្ធភាព តិចច្រើនទៅតាមអ្នកធូរធារ អ្នកក្រ និង មធ្យម ។

ពេលព្រឹកគេនិមន្តព្រះសង្ឃឆាន់ទាំងព្រឹកទាំងថ្ងៃត្រង់ ហើយព្រះសង្ឃដែលគង់នៅវត្តជិតផ្ទះ បុណ្យលោកក៏និមន្តទៅវត្តវិញជាធម្មតា តែបើព្រះសង្ឃវត្តឆ្ងាយម្ចាស់បុណ្យឌុបលោកទៅវត្តវិញ ។

ពិធីនេះដំបូងអាចារ្យចាប់ប្រកូកប្រកាស ហើយធ្វើពិធីបួងសួងម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សទេវតា ប្រកាសនាមសាមីដើមទានដែលបានប្រារព្ធពិធីនេះឡើង ។

បន្ទាប់មកអាចារ្យនិយាយចំពោះសាមីខ្លួនកូនចៅណាមួយជាតំណាងអាចនិយាយផ្ទាល់ពីការសុំខមាទោសនូវរាល់ទោសកំហុស ដែលកូនចៅបានប្រព្រឹត្តមិនសមគួរចំពោះលោកអ្នកដ៏មានគុណក្នុងកាលកន្លងមក និងសូមប្តេជ្ញាគោរពរាប់អានស្រលាញ់បងប្អូនមិនធ្វើអំពើអាក្រក់ណាមួយឲ្យ មាតាបិតា ជីដូនជីតា ព្រួយបារម្ភឡើយ ។

រួចកូនចៅទាំងអស់លុតជង្គង់គោរពជូនគ្រឿងសក្ការៈមានសម្លៀកបំពាក់ ប្រាក់កាក់ជាដើមទៅលោកអ្នកមានគុណដែលបានបម្រុងរួចជាស្រេចហើយ ។

នៅពេលកូនចៅជូនគ្រឿងសក្ការៈហើយ អ្នកមានគុណត្រូវជូនពរ ជ័យដល់កូនចៅផ្ទាល់មាត់ បន្ទាប់មកអញ្ជើញគាត់ទៅផ្ងូតទឹក(ពិធីនេះមាននៅក្នុងពិធីស្រង់ព្រះ) ។

សូមបញ្ជាក់ថា ការធ្វើពិធីនេះមិនប្រកាន់ថាបង ប្អូន មា មីងទេ ដោយការធ្វើកតញ្ញូកតវេទីនេះទោះបី បុរស ស្ត្រី គ្រហស្ថ បព្វជិតណាមួយក៏ដោយ ដែលបានទទួលផលប្រយោជន៍ និងសេចក្ដីសុខ សេចក្តីចម្រើនជាដើមអំពីអ្នកដទៃដែលគេបានទំនុកបម្រុងដល់ខ្លួនហើយ យើងមិនគួរបំភ្លេចគុណបំណាច់គឺសេចក្ដីល្អដែលអ្នកទាំងនោះបានធ្វើនោះទេ គប្បីធ្វើកតវេទីតបស្នងសងគុណគាត់វិញ ។