(ត្បូងឃ្មុំ)៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។


ឯកឧត្តម ស៊ូម សារឿន បានមានមតិស្វាគមន៍ និងបានក្រើនរម្លឹកពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ បច្ចុប្បន្នមានសមាជិកសរុបចំនួន ៣,៦០៥ អង្គ/នាក់ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាសរុបចំនួន ២២រាជធានី/ខេត្ត ទូទាំងប្រទេស ព្រមទាំងមានសាខាក្រៅប្រទេសចំនួន៤ គឺប្រទេសជប៉ុន ថៃ កូរ៉ និងវៀតណាមផងដែរ។ បន្ថែមលើសនេះ ឯកឧត្តមប្រធានក៏បានជម្រាបអំពីសកម្មភាព គោលបំណង ទិសដៅរបស់សមាគម និងបានរាយការណ៍ពីសមិទ្ធផលការងារ ពិសេសការងារមនុស្សធម៌ ក្នុងគោលបំណងសម្រាលបន្ទុកជនរងគ្រោះ និងជនងាយរងគ្រោះ ដោយរួមសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។


ទីបញ្ចប់ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ដែលបានចំណាយពេលវេលាចូលរួមពិធីសំណេះសំណាលនេះផងដែរ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់សមាគមរាជសីហ៍ ព្រមទាំងកោតសរសើរភាពឈ្លៀសវៃ ប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ជាពិសេស ឯកឧត្តមប្រធាន ស៊ូម សារឿន។


ឯកឧត្តមបណ្ឌិតអភិបាលខេត្ត សូមគាំទ្រពេញទំហឹង ហើយនឹងផ្តល់កិច្ចសហការ ជួយសម្រួលបញ្ហាប្រឈមនានារបស់សមាគម។ ឯកឧត្តមជឿថា សមាគមរាជសីហ៍ ជាសេនាធិការជូនរាជរដ្ឋាភិបាល ហើយសង្ឃឹមថា សមាគមនឹងបន្តរីកចម្រើន ពង្រីកសាខាគ្រប់ក្រុង/ស្រុក ឆាប់ៗនេះ។
ឯកឧត្តមអភិបាល បានបន្តលើកឡើងពីភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ដូចសព្វថ្ងៃ គឺកើតឡើងពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់សមាជិករាជសីហ៍ទាំំងអស់ ជួយផ្សព្វផ្សាយការរីកចម្រើនរបស់ប្រទេសជាតិ និងសូមបន្តបេសកកម្មដ៏ប្រពៃរបស់ខ្លួននេះ ហើយឯកឧត្តមនឹងពិនិត្យលទ្ធភាពចូលរួមជួយសមាគម។
នៅទីបញ្ចប់ ឯកឧត្តមប្រធាន ស៊ូម សារឿន និងឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបម្រើការងារមនុស្សធម៌ រួមមាន៖ ទឹកបរិសុទ្ធចំនួន ១០០កេស មី ចំនួន ៥០កេស ត្រីខចំនួន ៥០យួរ ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន ១០០យួរ និងអង្ករ ចំនួន ០១តោន៕
