ភ្នំពេញ ៖ កាលពីវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលជាថ្ងៃសីល ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ និងជាថ្ងៃកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកមានប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បាននាំគ្នាទៅបោះបាយបិណ្ឌ នៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬ ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ គេជឿថា បោះបាយបិណ្ឌ គឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត) ។

ពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ ។ ជាពិសេសពួកគេជឿថា វិញ្ញាណទាំងឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែង ពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ។

វិញ្ញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ ។ វិញ្ញាណអ្នកទាំងនោះគឺមានទម្រង់ធំ ហើយខ្ពស់ ដែលពួកគេអាចបោះជំហាននៅលើប្រាសាទបាន ។ ទោះជាយ៉ាងណា ពួកគេមិនហ៊ានធ្វើដូច្នេះទេ ដោយខ្លាចថា ពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។

ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ ។ វិញ្ញាណទាំងនោះនឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញាត្តិ និងទទួលអាហារពីពួកគេ ។

ប្រសិនបើវិញ្ញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើន ឬ តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ។

សូមបញ្ជាក់ថា វត្តចាក់អង្រែក្រោម ជាវត្តតូចមួយក្នុងចំណោមវត្តទាំង៨ នៃខណ្ឌមានជ័យ ដែលមានចម្ងាយពីជាយក្រុងបន្តិច គឺនៅតាមផ្លូវជាតិលេខ២ ទល់មុខវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានព្រះគ្រូខន្តិមុនី គឹម នី ជាព្រះចៅអធិការវត្តចាក់អង្រែក្រោម ប្រកបដោយ លក្ខណសម្បត្តិ តែងដឹកនាំ ពុទ្ធបរិស័ទ ទៅរកសេចក្តីស្ងប់ ទាំងផ្លូវកាយ ផ្លូវចិត្ត បានដឹកនាំកសាងសមិទ្ធផលនានាជាច្រើន ក្នុងវត្តដូចជាកុដិកម្ពស់ ២ជាន់ ចំនួន ២ កុដិ ផ្លូវបេតុង របងវត្ត ក្លោងទ្វាវត្ត ផ្ទះបាយ បង្គោលភ្លើង វច្ចកុដ្ឋ (បន្ទប់ទឹក) និងព្រះវិហារថ្មីមួយទៀត ដែលមានកម្ពស់ពីរជាន់ ដែលចំណាយពេលក្នុងការសាងសង់ជាង ៨ឆ្នាំមកហេីយ សម្រេចបាន ៩០% ហេីយ និងកំពុងបន្តការសាងសង់ នៅឡេីយ ហេីយបច្ច័យក្នុងការកសាង ព្រះវិហារ នេះ សុទ្ធសឹងតែ បានមកពីបុណ្យផ្កា និងបច្ច័យកសាងផ្សេងរបស់ពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាញ និងបានរៀបចំរចនាសម្ព័ន្ធច្បាប់វិន័យ និងបរិស្ថាន ក្នុងអារាមវត្តបានយ៉ាងល្អប្រពៃគួរឲ្យស្ញប់ស្ញែងពីពុទ្ធបរិស័ទចំណុះជេីងវត្តជិតឆ្ងាយ ។

ចំណែកឯបញ្ហាសន្តិសុខ គណកម្មការ វត្ត ក៏បានណែនាំញាតិញោមដែលអញ្ជេីញមកវត្ត ពេលថ្វាយបង្គំព្រះ អុជធូប អុជទៀន រាប់បាត្រ ផ្ទេរចង្ហាន់ ជាកន្លែងមានមនុស្សជុំៗច្រេីន ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ច ចំពោះកាបូបលុយ ទូរស័ព្ទ និង សម្ភារៈមានតម្លៃផ្សេងៗទៀត ព្រោះជនឆ្លៀតឱកាសមានគ្រប់ទីកន្លែង ដែលស្លៀកពាក់ស្អាតបាតបន្លំភ្នែក ចាំធ្វេីសកម្មភាពលួចយកលឿន និងរហ័សណាស់ ដូច្នេះហេីយដេីម្បីកុំឱ្យមានការបាត់បង់ សូមប្រុងប្រយ័ត្នបន្ថែមទៀត ។

ជាមួយគ្នានេះ គេក៏ឃេីញ កងកម្លាំងសមត្ថកិច្ច នគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងប្រជាការពារខណ្ឌមានជ័យ និងសន្តិសុខសណ្ដាប់ធ្នាប់សាលាសង្កាត់ បានសហការគ្នា ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ បានល្អប្រសើរផងដែរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *