ភ្នំពេញ ៖ ទីតាំងទូហ្គេមមួយកន្លែងស្ថិតនៅផ្ទះទិញលក់អេតចាយ (ដីឡូតិ៍) ស្ថិតនៅផ្លូវលេខ៧៨C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាមកធ្វើការបង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្ដែតបណ្ដោយខ្លាំងមែនទែន។
បើតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ទីតាំងខាងលើនេះសំបូរទៅដោយអ្នកញៀនល្បែង ជាក្មេងស្ទាវ ក្មេងទំនើង និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានលេងជាប្រចាំថ្ងៃគ្មានខ្លាចសមត្ថកិច្ចសូម្បីតែបន្ដិច។ សូម្បីតែប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែគ្មានប្រសិទ្ធភាពសម្រាប់ទីតាំងនេះ ព្រោះតែកន្លែងនេះបានបើកលេងយ៉ាងសេរីជាទីបំផុតដុះស្លែរាប់ឆ្នាំទៅហើយ។
គួររំលឹកថា ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌទាំង១៤ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទទួលបានដោយភាពកក់ក្តៅ និងភាពសុខសាន្ត។ ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់ដាក់បទបញ្ជាដល់មន្ត្រីនគរបាលក្រោមឱវាទត្រូវមានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មេត្តាបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំង៣ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាពស្របគោលការណ៍របស់រាជរដ្ឋាភិបាលទាំង៩ចំណុច៕



