ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២
AKP ភ្នំពេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ –

អនុប្រធាននៃគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បាននិយាយថា ប្រទេសវៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាពជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីពាក់ព័ន្ធនានានៅក្នុងបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៣ ខែមិថុនា អ្នកតំណាងរូបនេះបានអះអាងថា អាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យភាគីទាំងអស់ក្នុងប្រទេសបញ្ចប់អំពើហិង្សា និងធានានូវការទទួលបានជំនួយមនុស្សធម៌ និងការថែទាំសុខភាព រួមជាមួយនឹងវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកស្រីបានអំពាវនាវដល់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃប្រទេសមីយ៉ាន់ម៉ា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអនុវត្តទាំងស្រុងនូវមតិឯកភាពប្រាំចំណុចរបស់អាស៊ាន និងធ្វើកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងគ្រប់ជ្រុងជ្រោយ ស្របតាមឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា។
លោកស្រី Thoa បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវជួយដល់ភាគីនានាក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សា និងធ្វើយ៉ាងណាសម្រួលដល់ការផ្លាស់ប្តូរប្រជាធិបតេយ្យដោយឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងឯករាជ្យភាព បូរណភាពទឹកដី និងការរួបរួបនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកការទូតរូបនេះក៏បាននិយាយផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងបេសកជនពិសេសអាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយបានសាទរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអង្គការសហប្រជាជាតិ និងអាស៊ានក្នុងការធានាបាននូវជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះ។
លោកស្រីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រអាស៊ានក្នុងការលើកកម្ពស់តួនាទីស្នូល និងនាំមុខគេរបស់ខ្លួនក្នុងការជួយប្រទេសមីយ៉ាន់ម៉ាក្នុងការលើកកម្ពស់ដំណោះស្រាយសន្តិភាព៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល (ក្រសួងព័ត៌មាន)