
(ភ្នំពេញ)៖ (ថ្ងៃទី 28 November 2021 ម៉ោង 3:36 pm)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាបនពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាត ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «អនាធិបតេយ្យបែបនេះ មិនអាចទទួលយក
បានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជា មួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេនូវការ កាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង ដូច្នេះដើម្បីការពារ បឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យ ទៅហើយនោះចាំបាច់មានវិធានការ»។

សម្តេចបានប្រគល់ភារកិច្ចឱ្យអភិបាលខេត្តទាំងអស់ជាប់បឹងទន្លេសាប ពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក ហើយក៏ត្រូវគ្រប់គ្រងផងដែរជាមួយនឹងដីដែលបានដែលបានកាប់រួចហើយ ដែលអាជ្ញាធរខេត្តត្រូវប្រើប្រាស់ ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចបញ្ជាក់ថា «ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាប យើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។

ក្រៅពីបញ្ជាទៅកាន់ថ្នាក់ខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងជាប្រធានសូរិយោដីថ្នាក់ជាតិ ឱ្យដឹកនាំការប្រជុំជាបន្ទាន់ជា មួយក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធនានា រួមទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយនិងនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីបែងចែកភារកិច្ចគ្នាដើម្បីធ្វើការ ចុះត្រួតពិនិត្យរួម ដើរពីក្រោយនៃការងាររបស់ខេត្ត ៕
