
ភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផ្ទះខាងលេី ដោយពុំមានមនុស្សស្នាក់នៅឡេីយ។
ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកដែកមកកាត់សោរទ្វារ ដើម្បីយកបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់។


យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ជួង ម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះខូចខាតទំហំថ្មបេតុង ទំហំ ៥ម៉ែត្រ x ១២ម៉ែត្រ សម្ភារៈស្តុកគ្រឿងជ័រតុទូរកៅអើយ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់។
សូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះករណីអគ្គីភ័យឆាបឆេះជាយថាហេតុ។
