
រាជធាជធនីភ្នំពេញ ៖ បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ប្រើប្រាស់ហួសកម្រិតរហូតដល់បែក ដើរឡើងទៅលើស្ពានអាកាសផ្សារដីហុយ បែជាលោតហក់ទម្លាក់ចុះទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ បាក់កជើងស្តាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ អាន់ ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិវៀតណាម ជាមនុស្សបែក ញៀនថ្នាំ ស្នាក់នៅម្តុំវត្តព្រះពុទ្ធ ខណ្ឌ៧មករា ។

តាមសមត្ថកិច្ចប្រចាំគោលដៅ ស្ពានអាកាសផ្សារដីហុយ បានឲ្យដឹងថា មុនកើតហេតុ ឃើញជនរងគ្រោះដើរថ្មើរជើងឡើងលើស្ពាន ពីកើតទៅលិច ដោយមិនបានចាប់អារម្មណ៍ ស្រាប់តែជនរងគ្រោះ ហក់លោតពីលើស្ពានទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បាក់កជើងស្តាំ ដេកសន្លប់ឈឹង នៅក្រោមស្ពាន បង្កឲ្យភ្ញាក់ផ្អើល ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច សម្រួលចរាចរ និងរងចាំរថយន្តសង្គ្រោះ តែមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿងទៅដល់កន្លែងកើតហេតុដែរ តែមិនហ៊ានដឹកដោយសារ ជាជនបែកថ្នាំ ។

ជនរងគ្រោះ នៅដេកសន្លប់អស់រយៈពេលជិតមួយម៉ោង ទើបឃើញរថយន្ត របស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខ ដឹកយកជនរងគ្រោះទៅសង្គ្រោះ ៕
