
ខេត្តព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខ កងកម្លាំងទាំងបី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ។ អញ្ជើញចូលរួមអមដំណើរនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត ។

ក្នុងដំណើរចុះជួបសួរសុខទុក្ខឯកឧត្តម និងក្រុមការងារត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្ដៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងទាំងអស់ នៃទីបញ្ជាការ និងស្នងការដ្ឋាន នៃកងកំលាំងទាំងបី។ ឯកឧត្តមក៏ទទួលបាននូវការជូនពរ និងថ្លៃងអំណរគុណ យ៉ាងជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំនៃកងកំលាំងទាំងបី ក្នុងខេត្តព្រះវិហារផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ការជួបសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ គឺដើម្បីអបអរសាទរដល់ កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ មកលើកងកម្លាំង និងបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងរវាងរដ្ឋបាលខេត្ត និងកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ ។

ជាមួយនេះ ឯកឧត្តមក៏បានធ្វើការកោតសរសើរទៅដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនឹងនៅពេលបច្ចុប្បន្ន បានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនា របស់ប្រជាជនទូទាំងខេត្តព្រះវិហារ ។ឯកឧត្តមក៏បានផ្ដាំផ្ញើទៅដល់កងកម្លាំងទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នឹងវិធានការ ០៣កុំ និង ០៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។
សម្ភារៈដែលបានយកមកប្រគល់ជូនដល់កងកម្លាំងទាំងបី នាឱកាសនោះរួមមាន ក្នុងមួយកងកម្លាំងៗ ទទួលបានអង្ករ ២០០គីឡូក្រាម ទឹកសុទ្ឋ ២០កេស មី ២០កេស ទឹកក្រួច ១០កេស អាល់កុល 30លីត្រ ម៉ាសចំនួន ២៥០០បន្ទះ និងថវិកា ២លានរៀល៕
